គ្រឿងស្រវឹង និងសុខភាព
បើពិសាក្នុងកម្រិតសមស្រប ស្រាបៀរនិងភេសជ្ជៈដែលមានជាតិអាល់កុលរបស់ក្រុមហ៊ុនយើង អាចជាផ្នែកមួយជួយឱ្យជីវិតនិងការងាររបស់អ្នកមានភាពស្មើគ្នា។ យើងជាក្រុមហ៊ុនផលិតស្រាបៀរដែលពោរពេញដោយមោទកភាព ដោយសារយើងបានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយឱ្យអតិថិជនទាំងអស់ពិសាគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាក់។ យើងជឿថា ការធ្វើឱ្យអតិថិជនបានយល់ដឹងច្បាស់ពីគ្រឿងស្រវឹង យល់ដឹងពីភេសជ្ជៈផ្សេងៗរបស់ក្រុមហ៊ុនយើង និងរបៀបពិសាដោយទំនួលខុសត្រូវ គឺជារឿងសំខាន់បំផុត ហើយរាល់ព័ត៌មានទាំងអស់នេះ តែងតែមានបញ្ជាក់យ៉ាងច្បាស់នៅលើសំបកផលិតផល នៅក្នុងពាណិជ្ជកម្ម នៅក្នុងប្រូម៉ូសិន និងតាមរយៈការសហការជាមួយដៃគូរបស់យើង។ យើងផ្ដល់ជូនអតិថិជននូវជម្រើសភេសជ្ជៈច្រើនប្រភេទដែលមានកម្រិតជាតិអាល់កុលខុសៗគ្នា ដូចជាភេសជ្ជៈមានជាតិអាល់កុលខ្ពស់ ភេសជ្ជៈគ្មានជាតិអាល់កុល និងភេសជ្ជៈមានជាតិអាល់កុលទាប។
ការពិសាគ្រឿងស្រវឹង គឺជាជម្រើសរបស់បុគ្គលម្នាក់ៗ។ កត្តាហានិភ័យនិងអត្ថប្រយោជន៍ផ្ទាល់ខ្លួនក្នុងការពិសាគ្រឿងស្រវឹងត្រូវតែគិតគូរមុនពេលពិសាគ្រឿងស្រវឹង។ មានភ័ស្តុតាងខ្លះបានបង្ហាញពីទំនាក់ទំនងរវាងការពិសាគ្រឿងស្រវឹងនិងផលប៉ះពាល់ចំពោះសុខភាព។ គ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពមនុស្សតាមរូបភាពផ្សេងៗគ្នា។ សម្រាប់មនុស្សមួយចំនួន ទោះពិសាគ្រឿងស្រវឹងក្នុងកម្រិតសមស្របក៏ដោយ ក៏អាចបង្កើននូវហានិភ័យចំពោះសុខភាពដែរ ដូចជាធ្វើឱ្យមានបញ្ហាសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកប្រភេទជាក់លាក់ណាមួយ។ ប្រសិនបើអ្នកមានសំណួរ ឬមានកង្វល់ផ្សេងៗ សូមពិភាក្សាជាមួយគ្រូពេទ្យ។
ការពិសាគ្រឿងស្រវឹងហួសកម្រិតអាចបង្កឱ្យមានផលវិបាករយៈពេលវែង ដូចជារាងកាយមិនអាចខ្វះគ្រឿងស្រវឹងបាន ឬញៀនគ្រឿងស្រវឹង ហើយវាជារឿងដែលគួរតែចៀសវាង។ មនុស្សមួយចំនួនមិនគួរពិសាគ្រឿងស្រវឹងឡើយ។ ឧទាហរណ៍៖ ក្មេងមិនទាន់គ្រប់អាយុពិសាគ្រឿងស្រវឹង ស្ត្រីមានផ្ទៃពោះ អ្នកដែលត្រូវបើកបរ ឬអ្នកបញ្ជាគ្រឿងម៉ាស៊ីន ឬអ្នកដែលមិនអាចគ្រប់គ្រងចំណង់ក្នុងការពិសាគ្រឿងស្រវឹងបាន។
រដ្ឋាភិបាលបានចេញផ្សាយសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការពិសាគ្រឿងស្រវឹងដើម្បីឱ្យអ្នកពិសាគ្រឿងស្រវឹងស្វែងយល់។ អាជ្ញាធរសុខភាពសាធារណៈក៏បានផ្ដល់នូវប្រភពព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងការពិសាគ្រឿងស្រវឹងផងដែរ។ ដើម្បីស្វែងយល់កាន់តែច្បាស់ពីគ្រឿងស្រវឹងនិងសុខភាព សូមចូលទៅកាន់គេហទំព័រខាងក្រោម៖
⩥ ការធ្វើទីផ្សារលក់ផលិតផលប្រកបដោយទំនួលខុសត្រូវ
យើងមានគោលការណ៍ទីផ្សារច្បាស់លាស់សម្រាប់បុគ្គលិកដែលធ្វើការខាងផ្នែកទីផ្សារនិងផ្នែកលក់ទាំងអស់នៅក្នុងក្រុមហ៊ុន HEINEKEN ក្នុងគោលបំណងធានាថា យើងមិនបានរួមចំណែកក្នុងការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងហួសកម្រិត ឬប្រើប្រាស់គ្រឿងស្រវឹងមិនត្រឹមត្រូវឡើយ។
យើងក៏គោរពតាមគោលការណ៍ក្នុងតំបន់ និងគោលការណ៍អន្តរជាតិទាក់ទងនឹងការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងផងដែរ។ យើងធ្វើការផ្សព្វផ្សាយគ្រឿងស្រវឹងតែនៅកន្លែងដែលយ៉ាងហោចណាស់ 7០% នៃអតិថិជនគោលដៅរបស់យើងមានអាយុចាប់ពី 18ឆ្នាំឡើង ឬយើងធ្វើការផ្សព្វផ្សាយគ្រឿងស្រវឹងតែនៅក្នុងប្រទេសមួយចំនួនដែលកំណត់អាយុជាវគ្រឿងស្រវឹងស្របច្បាប់ត្រូវតែលើស 18ឆ្នាំ។ យើងយកបុគ្គលដែលមានអាយុចាប់ពី 25ឆ្នាំឡើងទៅមកថតផ្សព្វផ្សាយពាណិជ្ជកម្មដោយប្រើប្រាស់សកម្មភាព ឬកាយវិការសមស្របទៅតាមអាយុរបស់ពួកគេ។ យើងនឹងមិនផ្សព្វផ្សាយថាគ្រឿងស្រវឹង គឺជាគន្លឹះនាំមកនូវភាពជោគជ័យក្នុងសង្គម ឬក្នុងទំនាក់ទំនងផ្លូវភេទឡើយ។
យើងកំណត់ខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងដោយផ្តោតទៅលើការលក់ផលិតផល (ភេសជ្ជៈមានជាតិអាល់កុល និងភេសជ្ជៈគ្មានជាតិអាល់កុលដែលស្ថិតនៅក្រោមម៉ាកយីហោគ្រឿងស្រវឹង) រួមមាន៖ ពាណិជ្ជកម្មគ្រប់ប្រភេទ ម៉ាកយីហោ អ្នកពណ៌នាពីផលិតផល ការវេចខ្ចប់និងម៉ាកសញ្ញា ការផ្តល់សារនានាទាក់ទងនឹងផលិតផលទៅអតិថិជនតាមប្រព័ន្ធឌីជីថលនិងតាមទូរសព្ទ ការឧបត្ថម្ភនានា ការដាក់បង្ហាញផលិតផល ប្រូម៉ូសិន (on & amp; off-trade) និងសម្ភារផ្សព្វផ្សាយពាណិជ្ជកម្ម។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មផលិតគ្រឿងស្រវឹង យើងបានអនុវត្តវិធីសាស្រ្តនេះយ៉ាងជាប់លាប់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់មានទំនួលខុសត្រូវខ្ពស់ក្នុងការពិសាគ្រឿងស្រវឹង និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដោយបំពាន។ ការអនុវត្តបែបនេះជួយឱ្យយើងអាចចូលរួមយ៉ាងសកម្មនៅក្នុងការកាត់បន្ថយការពិសាគ្រឿងស្រវឹងដោយគ្មានទំនួលខុសត្រូវ។
⩥ បុគ្គលិកដើរតួជាបុគ្គលគំរូ
យើងជំរុញឱ្យបុគ្គលិកទាំងអស់របស់យើងធ្វើជាបុគ្គលគំរូតាមរយៈការពិសាគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ និងត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯងក្នុងការប្រើប្រាស់គ្រឿងស្រវឹង។
ក្រុមហ៊ុន Heineken ទាំងអស់នៅលើសកលលោកបានអនុវត្តតាមគោលការណ៍ Cool@Work – ជាកម្មវិធីទប់ស្កាត់និងផ្តល់ព័ត៌មានទាក់ទងគ្រឿងស្រវឹងនៅកន្លែងធ្វើការ។ គោលការណ៍នេះបង្កើតឡើងក្នុងគោលបំណងបង្កើនសុវត្ថិភាពនិងសុខភាពនៅកន្លែងធ្វើការ ធានានូវការពិសាគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ និងផ្ដល់ការយល់ដឹង ការប្តេជ្ញាចិត្ត និងភាពជាគំរូក្នុងចំណោមបុគ្គលិក។ បុគ្គលិកត្រូវបានបែងចែកជា 3ក្រុម ហើយព័ត៌មាននិងការគាំទ្រនានាត្រូវបានផ្តល់ទៅតាមក្រុមនីមួយៗ៖
ពណ៌បៃតង៖ ក្រុមបុគ្គលិកដែលពិសាគ្រឿងស្រវឹងក្នុងកម្រិតសមស្រប និងប្រកបដោយទំនួលខុសត្រូវ
ពណ៌លឿងទុំ៖ ក្រុមបុគ្គលិកដែលប្រឈមនឹងការពិសាគ្រឿងស្រវឹងលើសកម្រិតដោយសារស្ថានភាពការងារ ឬបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន
ពណ៌ក្រហម៖ ក្រុមបុគ្គលិកដែលមានបញ្ហារាងកាយ ឬបញ្ហាសុខភាពដោយសារការពិសាគ្រឿងស្រវឹង
ការទំនាក់ទំនង និងការបណ្តុះបណ្តាលជាក់លាក់ ត្រូវបានក្រុមហ៊ុនប្រតិបត្តិការទូទាំងពិភពលោករបស់យើងរៀបចំធ្វើជារៀងរាល់ឆ្នាំដោយ ប្រើប្រាស់ឧបករណ៍ និងវិធីសាស្រ្តដែលសមស្របបំផុតទៅតាមតម្រូវការទីផ្សារក្នុងតំបន់។
⩥ កិច្ចសហការជាមួយក្រុមហ៊ុនផលិតស្រាបៀរផ្សេងទៀត
ក្រុមហ៊ុនផលិតស្រាបៀរទាំងអស់អាចជាដៃគូដ៏សំខាន់ក្នុងការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ។ កិច្ចសហការរវាងក្រុមហ៊ុនផលិតស្រាបៀរទាំងអស់ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងគ្រឿងស្រវឹងរួមគ្នា មានប្រសិទ្ធភាពខ្ពស់ជាងការដែលក្រុមហ៊ុនផលិតស្រាបៀរនីមួយៗធ្វើសកម្មភាពដាច់តែឯង។
បណ្តុំនៃក្រុមហ៊ុនផលិតស្រាបៀរ រាជរដ្ឋាភិបាល អង្គការមិនមែនរាជរដ្ឋាភិបាល ក្រុមអ្នកពិសាគ្រឿងស្រវឹង កងកម្លាំងប្រដាប់អាវុធ សមាជិកសភា អ្នកលក់រាយ ម្ចាស់ក្លឹបកម្សាន្ត ឬបារ និងសហគមន៍ សុទ្ធតែមានតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ។
យើងបានធ្វើការជាមួយក្រុមហ៊ុនផលិតស្រាបៀរនៅក្នុងពិភពលោក (សហព័ន្ធក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក) ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក (ឧទាហរណ៍៖ ក្រុមហ៊ុនផលិតស្រាបៀរនៅអឺរ៉ុប) និងនៅតាមទីផ្សារជាច្រើនកន្លែងផ្សេងទៀត ដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ។ យើងក៏បានសហការជាមួយស្ថាប័នដែលធ្វើការយ៉ាងទូលំទូលាយក្នុងឧស្សាហកម្មគ្រឿងស្រវឹងកម្រិតពិភពលោកផងដែរ (ឧទាហរណ៍៖ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់គោលនយោបាយគ្រឿងស្រវឹង) និងនៅតាមទីផ្សារជាច្រើនកន្លែង (ឧទាហរណ៍៖ Portman Group នៅចក្រភពអង់គ្លេស)។
⩥ កិច្ចសហការក្នុងភាពជាដៃគូ
យើងនឹងសហការជាមួយដៃគូនានា ដើម្បីជំរុញឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពិសាគ្រឿងស្រវឹង និងដើម្បីដោះស្រាយរាល់ហានិភ័យនានាដែលបង្កឡើងដោយសារគ្រឿងស្រវឹង។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា ក្រុមហ៊ុនផលិតស្រាបៀរពិតជាបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងស្រវឹងបានយ៉ាងមានប្រសិទ្ធភាពមែន។
បច្ចុប្បន្ន យើងបាននឹងកំពុងចាប់ដៃគូសហការជាមួយអង្គការមិនមែនរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗដែលបង្កឡើងដោយគ្រឿងស្រវឹង។